ក្បួនរាជសព្ទនេះ កាលព្រះពុទ្ធសករាជកន្លងបាន ២៣៩៩ ឆ្នាំ (គ.ស. ១៨៥៥) ព្រះបាទសម្ដេចព្រះហរិរក្ខរាមា ព្រះចៅក្រុងកម្ពុជាធិបតី ជាម្ចាស់ជីវិតលើត្បូងទ្រង់ត្រាស់ឱ្យប្រជុំព្រះថេរានុត្ថេរៈ និងមន្ត្រី ដែលចេះដឹង ដូចនាមបកប្រែពាក្យរាជសព្ទបុរាណដែលមានវិបត្តិមករើធ្វើជាថ្មី ដើម្បីទុកឱ្យរាជបរិស័ទហាត់រៀនរាល់គ្នា ពួកខ្ញុំរាជការជាច្រើនក្នុងគ្រាជាន់នោះសឹងចាំស្ទាត់ទាំងបុរសស្ត្រី។ លុះមកដល់ពុទ្ធសករាជ ២៤៧៣ (គ.ស. ១៩២៩) អញខ្ញុំបានផ្ញើក្បួនរាជសព្ទដែលធ្វើកាលគ្រាជាន់នោះ ទៅឱ្យអគ្គលេខាធិការពុទ្ធសាសនបណ្ឌិត្យ បោះពុម្ភផ្សាយទៀតតែឥតមានកែប្រែអ្វីបន្តិចទេ ដើម្បីទុកឱ្យជនានុជនដែលមានឱកសាទំនេរ ទៅសន្និបាតមើលរឿងផ្សេងៗដែលមានក្នុងព្រះរាជបណ្ណាល័យ ជាគតិឱ្យរុងរឿងសតិបញ្ញាជាគ្រាទី២។
ឥឡូវនេះ អញខ្ញុំដឹងថា សៀវភៅរាជសព្ទក្នុងទីព្រះរាជបណ្ណាល័យ បានចំណាយអស់ជាច្រើននៅសល់តិចណាស់ គួរតែរកឱកាសបោះពុម្ពផ្សាយទៀតជាថ្មី តែគួរធ្វើសង្ខេបបែបខ្លី ដ្បិតសេចក្ដីក្នុងរាជសព្ទជាន់នោះពិស្ដារពេក ជនដែលចង់ចេះពុំអាចចាំបានដោយងាយ។
នោះយើងបានប្រជុំលោកអ្នកចេះទាំងឡាយមកជួយធ្វើ ដូចមាននាមមកនេះ
ព្រះថេរៈ គឺ
ព្រះមហាព្រហ្មមុន នាម អ៊ូ
ព្រះភិក្ខុ ធម្មសិរិ នាម សុវណ្ណ
ពួកឧបសក គឺ
ព្រះវរវោហារ នាម កែវ ក្រុមរាជបណ្ឌិត្យ
អាចារ្យ ម៉ូត រាជលេខានុការ ក្នុងសម្ដេចព្រះអយ្យការ។
មហា ទិន ហួត ក្រុមពុទ្ធសាសនបណ្ឌិត្យ មកជួយរើសសព្ទណា គួរប្រើឱ្យសមបែបខ្លីម្ដងទៀតជាគ្រាទី៣។
ក៏ឯពាក្យដែលហៅថារាជសព្ទនោះ ពុំចំពោះតែយកមគធភាសា និងសំស្ក្រឹតភាសាមកប្រើទេ សូម្បីខេមរភាសា លោកបុរាណាចារ្យក៏មានយកមកប្រើដែរ ក៏ប៉ុន្តែមកសន្មតហៅឱ្យខុសនឹងពាក្យប្រើធម្មតា ដូចពាក្យថា ផ្ទំ និង ស្រង់ ជាដើម។
ឯរាជសព្ទដែលបោះពុម្ពក្នុងព្រះពុទ្ធសករាជ ២៤៨៥ (គ.ស. ១៩៤១) នេះពុំបានផ្លាស់ផ្លែងសព្ទដើម ឬ បញ្ញត្តថែមសព្ទថ្មីទៀតទេ គ្រាន់តែកែអក្សរឱ្យត្រឹមត្រូវ និងរៀបពាក្យឱ្យរៀងតាមលំដាប់អក្សរ តាមសម្ដីដែលប្រើធម្មតា ដើម្បីឱ្យងាយរករាជសព្ទដែលត្រូវការ។
ពាក្យជារាជសព្ទនោះ បើនឹងបញ្ញត្តឱ្យគ្រប់សម្ដីដែលត្រូវការនិយាយទាំងអស់ ក៏នឹងក្លាយទៅជាភាសាមួយដោយឡែក នាំឱ្យចេះមិនចប់ នឹងនាំឱ្យពួកលោកអ្នកមិនប៉ិនប្រសប់រាជសព្ទ ធុញទ្រាន់ ខ្លាចមិនហ៊ានចូលមកកាន់ព្រះរាជសំណាក់ផង។
ជាទំនៀមរបស់ភាសាគ្រប់ជាតិ តែងមានបញ្ញត្តសព្ទខ្លះជាពិសេស សម្រាប់និយាយគោរពដល់ក្សត្រខត្តិយត្រកូល ឬលោកអ្នកមានសក្ដានុពលធំជាងជាដរាប។
កាលបើពាក្យជារាជសព្ទ ឬពាក្យខ្ពស់សម្រាប់ជាតិត្រូវតែនិយាយខានមិនបានដូច្នេះហើយ បានជាអ្នកខ្ញុំព្យាយាមរៀបចំក្បួនរាជសព្ទនេះ ទុកជាសម្បត្តិជួយឱ្យងាយដល់អ្នកត្រូវការ។
ក្នុងក្បួនរាជសព្ទនេះ បានកាត់ចោលពាក្យណាដែលមិនសូវត្រូវការប្រើញឹកញយបន្ថយឱ្យតិចចុះ ដើម្បីឱ្យងាយសិក្សា ប្រសិនបើពាក្យណាមួយជាខេមរភាសាក្ដី ភាសាអ្នកបរទេសក្ដី ដែលគ្មានបញ្ញត្តក្នុងក្បួនរាជសព្ទនេះទេ ត្រូវនិយាយតាមសម្ដីដែលធ្លាប់និយាយដដែល តែត្រូវថែមពាក្យថា ទ្រង់ ឬ ព្រះ នាំមុខពាក្យ ដូចជាកិរិយាសព្ទថា ឈ្ងោក, ងាក, ថា ទ្រង់ឈ្ងោក, ទ្រង់ងាក ឬពាក្យជានាមសព្ទ ថា រូប, អង្គ ថា ព្រះរូប ឬព្រះបរមរូប, ព្រះអង្គ ជាដើម តាមសមគួរដល់ពាក្យដែលគួរថែម។
មានពាក្យខ្លះដូចជា នាឡិកា, សៀវភៅ, ផើងផ្កា នឹងប្រើពាក្យ ព្រះ នាំមុខមិនពីរោះត្រូវប្រើពាក្យ ព្រះរាជទ្រព្យ ភ្ជាប់ខាងក្រោយថា នាឡិកាព្រះរាជទ្រព្យ បើជាត្រីសាច់បន្លែត្រូវភ្ជាប់ពាក្យថា ព្រះស្ងោយ ដូច បន្លែព្រះស្ងោយ... វិញ ចំណែកឈ្មោះរោគផ្សេងៗ ខ្លះនឹងប្រើពាក្យ ព្រះ ឬ ព្រះរាជទ្រព្យ ក៏មិនសម គួរនិយាយថា ប្រឈួនព្រះរោគ... វិញ។
ន័យមួយទៀត តាមទំនៀមរាជសព្ទ បើពាក្យណាជានាមសព្ទ ច្រើនប្រើពាក្យ ព្រះ នាំមុខ ពាក្យណាជាកិរិយាសព្ទ ច្រើនប្រើពាក្យ ទ្រង់ នាំមុខ តែគង់លើកទុកពាក្យខ្លះ ដូចពាក្យថា ស្វេតច្ឆត្រ... មិនមានពាក្យ ព្រះ ព្រះនាំមុខ ពាក្យថា ស្រង់ មិនមានពាក្យ ទ្រង់ នាំមុខក៏បាន។ នាមសព្ទរួមចូលគ្នាពីរម៉ាត់ដូច កព្រះហស្ត, ស្នាប់ព្រះសិរ ជាដើម មិនប្រើពាក្យ ព្រះ ពីរដងថា ព្រះកព្រះហស្ត, ព្រះស្នាប់ព្រះសិរ ក៏មាន ព្រះកនិច្ឆាព្រះឱស្ឋ នៅប្រើពាក្យ ព្រះ ទាំងពីរក៏មាន។
នាមសព្ទណា ប្រើជាកិរិយាសព្ទត្រូវថែមពាក្យថា ទ្រង់ ដូចពាក្យថា ទ្រង់ព្រះនិច្ចា តែពាក្យខ្លះដូចជា ទ្រង់ក្រោធ, ទ្រង់ប្រហារ... មិនបានមានពាក្យ ព្រះ ទេ ដោយហេតុមិនស្រួលស្ដាប់មិនពីរោះត្រចៀក អ្នកត្រូវការគួរសង្កេតនិងលៃលក ប្រើឱ្យសមគួរតាមសេចក្ដីនោះៗ ដូចបានអធិប្បាយពន្យល់មកខាងលើនោះចុះ។
__________
វរចក្ររណរិទ្ធិ